បន្ទាប់ពីបានដាក់គោលដៅផ្តោតសំខាន់ទៅលើ Metaverse ហើយនោះ ថ្មីៗនេះ Meta បានធ្វើការប្រកាសបង្ហាញពីគម្រោងធំមួយទៀតរបស់ខ្លួន ពោលគឺគម្រោងក្នុងការបង្កើត Software មួយសម្រាប់បកប្រែភាសាតាមការនិយាយភ្លាមៗ ដោយប្រើប្រាស់ AI ហើយគេចង់ធ្វើឲ្យ Software នេះ ដំណើរការបានគ្រប់ភាសាទាំងអស់ទូទាំងពិភពលោកតែម្ដង។
ដើម្បីបង្កើត Software នោះដែរ លោក Mark Zuckerberg បានប្រាប់ថា Meta នឹងប្រើប្រាស់វិធីសាស្ត្រថ្មីក្នុងការបង្កើត Machine Learning ដោយផ្តោតលើចំណុចសំខាន់ធំៗចំនួនពីរ។ ចំណុចទីមួយគេផ្តោតទៅលើ No Language Left Behind (មានន័យថា មិនមានបោះបង់ភាសាណាមួយនោះទេ) ហើយដើម្បីសម្រេចបានលទ្ធផលនេះ គេត្រូវបង្កើត AI Models ដែលអាចរៀនបកប្រែភាសាដោយខ្លួនឯងបាន តាមរយៈការប្រើប្រាស់គម្រូដើម្បីបង្រៀន ឬ Training តិចជាងមុន។ ចំណុចទីពីរគឺ Universal Speech Translator ជាចំណុចដែលគេផ្តោតលើការបង្កើត System មួយ អាចបកប្រែការនិយាយបានដោយផ្ទាល់ភ្លាមៗ ពីភាសាមួយទៅកាន់ភាសាមួយទៀត ដោយមិនត្រូវការការបម្លែងទៅជាអក្សរសរសេរសិន ដូច System បកប្រែភាសាជាច្រើន ក្នុងពេលបច្ចុប្បន្ននេះឡើយ។
Meta មិនបានបញ្ជាក់នោះទេថា តើគេនឹងចំណាយរយៈពេលប៉ុន្មានដើម្បីបញ្ចប់គម្រោងបង្កើត Software សម្រាប់បកប្រែ Universal Speech Translator នោះ ប៉ុន្តែគេបានបញ្ជាក់ថា វានឹងក្លាយជាកម្មវិធីដ៏មានសារៈសំខាន់មួយ សម្រាប់អនាគតរបស់ផលិតផលដូចជា AR Glasses ឬ VR Headset នោះតែម្ដង។